អានផងដែរ
ការនិយាយជាសាធារណៈគឺជាមធ្យោបាយដ៏ល្អមួយក្នុងការកសាង
ការអភិវឌ្ឍផ្ទាល់ខ្លួនលើកម្រិតជាច្រើន
ពីព្រោះការកែលំអជំនាញទំនាក់ទំនងមានប្រយោជន៍ស្ទើរតែគ្រប់វិស័យនៃជីវិត។
មិនថាគោលដៅរបស់អ្នកគឺចូលរួមក្នុងការជជែកដេញដោលផ្នែកនយោបាយ
ធ្វើឱ្យអាជីពជាអ្នកនិយាយលើកទឹកចិត្តកាន់តែល្អ
ឬទទួលបានទំនុកចិត្តនៅចំពោះមុខទស្សនិកជន
នោះការនិយាយជាសាធារណៈអាចជួយអ្នកឱ្យសម្រេចគោលដៅរបស់អ្នក។
មនុស្សមួយចំនួនមិនដែលសូវខ្វល់ទេ ចំពោះការនិយាយ គឺគ្រាន់តែគិតថាការនិយាយជារឿងមួយធម្មតា ប៉ុន្តែការនិយាយគឺជារឿងសំខាន់ដែលអ្នកគួរតែដឹងពីរបៀបក្នុងការនិយាយ។ អ្នកណាក៏ចេះនិយាយដែរ តែសំដីមនុស្សដែលមានសិល្បៈ និងមនុស្សគ្មានសិល្បៈក្នុងការនិយាយគឺខុសគ្នាដាច់ស្រឡះ ព្រោះការនិយាយឲ្យមានភាពត្រឹមត្រូវ ច្បាស់លាស់និងមានប្រយោជន៍ ពិតជាមិនមានភាពងាយស្រួលទេ ទាមទារឲ្យនិយាយពាក្យពិត មានប្រយោជន៍ និងត្រូវតាមកាលៈទេសៈ ទើបគេចង់ស្តាប់យើង។ តើអ្នកពិតជាចង់ក្លាយជាអ្នកនិយាយជាសាធារណៈដែលពូកែមែនទេ? តើអ្នកបានដឹងឬមានជំនាញក្នុងការនិយាយជាសាធារណៈហើយឬនៅ?
នៅក្នុងសៀវភៅ “សិល្បៈក្នុងការនិយាយជាសាធារណៈឆ្ពោះទៅរកភាពជាអ្នកដឹកនាំ” ដែលមាន៨៦ទំព័រ និងមាន៧មេរៀនធំៗ អាជាគន្លឹះមួយសម្រាប់អ្នកចង់រៀនសូត្របន្ថែម។ ការសរសេរបង្ហាញចំៗនិងងាយស្រួលយល់សម្រាប់យកទៅអនុវត្ដតាម ចំណុចដំបូងនៅក្នុងសៀវភៅនេះបានគូសបញ្ជាក់ថា ការនិយាយបានល្អ គឺការស្គាល់ទស្សនិកជនឬអ្នកស្តាប់។ គន្លឹះនៃសុន្ទរកថាសាធារណៈដែលជោគជ័យទាំងអស់ គឺការស្គាល់ទស្សនិកជនរបស់ អ្នកមានន័យថាការដឹងនៅកម្រិតចំណេះដឹង អ្វីដែលពួកគេចង់បាន និងអ្វីដែលពួកគេត្រូវដឹង ព័ត៌មានលម្អិតទាំងនេះនឹងអនុញ្ញាតឱ្យអ្នកធ្វើសុន្ទរកថាប្រកបដោយភាពជោគជ័យ។
មួយវិញទៀត អ្នកអាចក្រោកឈរនិយាយទៅកាន់សារធារណៈជនបានល្អ និងធ្វើឱ្យការសន្ទនាទៅដោយរលូន អ្នកត្រូវតែមានគោលបំណងច្បាស់លាស់ ការបង្កើតគោលបំណងគឺជាផ្នែកដ៏ចាំបាច់បំផុតនៃការរៀបចំថ្លែងសន្ទរកថា។ មុននឹងធ្វើអ្វីមួយត្រូវកំណត់គោលដៅ ត្រូវដឹងថាខ្លួនឯងចង់និយាយអ្វីជាមួយអ្នកស្តាប់ ? ហើយចង់ឲ្យអ្នកស្តាប់នោះមានអារម្មណ៍បែបណាជាមួយយើង? សួរសំណួរនេះទៅកាន់ខ្លួនឯង ហើយបើរកចម្លើយទាំងពីរនេះចេញមានន័យថា អ្នកអាចធ្វើបាន។
បន្ទាប់ពីអ្នកដឹងពីអ្នកស្តាប់
និងមានគោលបំណងច្បាស់លាស់រួចហើយនោះ អ្នកក៏ត្រូវបង្កើតឱ្យបាននូវទំនុកចិត្ត។
នៅពេលដែលយើងខ្វះទំនុកចិត្តក្នុងការនិយាយជាសាធារណៈ រឿងដែលកើតមុនគេគឺភ័យ ញ័រ
និយាយលែងចេញតែម្ដង។ បើចង់ជោគជ័យលើការនិយាយ ត្រូវត្រៀមលក្ខណៈជាមុន
ហើយតាំងចិត្តជាមុនកុំឲ្យភ័យ នោះទំនុកចិត្តនឹងកើតមានឡើង។
ប្រសិនបើអ្នកជួបបញ្ហាមិនត្រូវបោះបង់ការព្យាយាមនោះទេ
អ្នកត្រូវចាប់ផ្តើមផ្តល់ឱកាសអោយខ្លូនឯងធ្វើវាឱ្យច្រើនដង
ដោយត្រូវគិតថាភាគច្រើនបុគ្គលជោគជ័យ គឺកើតឡើងពីភាពបរាជ័យទាំងអស់
ព្រោះភាពបរាជ័យជារឿងមួយដែលល្អ ដែលអាចបង្រៀយើងឲ្យឆ្ពោះទៅរកភាពជោគជ័យបាន។
ដូច្នេះហើយចូលកុំខ្លាចនឹងភាពបរាជ័យ
មនុស្សដែលខ្លាចបរាជ័យនឹងក្លាយជាមនុស្សបរាជ័យជារៀងរហូត។ អ្វីដែលសំខាន់មួយទៀតនោះគឺ
ការញញឹម។ ក្នុងពេលថ្លែងសុន្ទរកថា ឬក៏និយាយទៅកាន់ក្រុមមនុស្ស
ជាពិសេសជាមួយបុគ្គលសំខាន់ៗណាមួយនៅក្នុងបន្ទប់ យើងគួរតែញញឹម
វានឹងអាចជួយអ្នកឱ្យមានអារម្មណ៍ធូរស្បើយ ទុកចិត្ត បាត់ភាពភ័យខ្លាច
និងកាន់តែបង្កើតភាពជឿជាក់៕