អានផងដែរ
ដើម្បីសម្របខ្លួន និងឆ្លើយតបទៅនឹងមជ្ឈដ្ឋានប្រកួតប្រជែងនាសម័យបច្ចេកវិទ្យាក្នុងពេលបច្ចុប្បន្ន ក្រុមហ៊ុនជាច្រើន ដែលរីកដុះដាលដូចផ្សិត បានប្រឹងប្រែងឈរជើងឲ្យ មានគ្រឹះរឹងមាំយ៉ាងអស់ ពីសមត្ថភាពរបស់ខ្លួន ទប់ជ្រែងយ៉ាងសស្រាក់សស្រាំ ដើម្បីបង្ហាញភាពលេចធ្លោរបស់ខ្លួន នៅលើឆាកប្រកួតប្រជែង ដើម្បីបង្កើតនូវប្រាក់ចំណូល និងសម្រេចបាននូវទស្សនវិស័យរបស់ខ្លួន។ ភាពជោគជ័យនេះអាចសម្រេចទៅបាន ប្រាកដណាស់ថាទេពកោសល្យក្នុងការគ្រប់គ្រងដឹកនាំមនុស្ស គឺជាស្នូលដ៏សំខាន់បំផុតមួយ ដែលរួមចំណែកដល់គោលដៅដ៏អស្ចារ្យរបស់អ្នកបាន។ ដូច្នេះ ៣ចំណុចខាងក្រោមនេះ គឺជាអ្វីដែលអ្នកចាំបាច់ត្រូវសិក្សាស្វែងយល់៖
១) បណ្ដុះនូវវប្បធម៌
នៃការផ្ដោតការយកចិត្តទុកដាក់ ទៅលើមនុស្សរបស់អ្នក៖
គំនិតនៃការធ្វើជំនួញ តែងផ្ដោតទៅលើអតិថិជនជាអាទិភាពជានិច្ច
ព្រោះពួកគេជាអ្នកនាំ ផលប្រយោជន៍ ដល់អ្នក និងជាគោលដៅ
ដែលអ្នកចង់ចូលរួមកែប្រែការរស់នៅរបស់ពួកគេឲ្យ មានភាពងាយស្រួល
ជាងមុនដោយជួយដោះស្រាយបញ្ហា របស់ពួកគេតាមរយៈផលិតភាព ឬសេវាកម្មអ្នក។ អ្នកគិតបែបនេះ
គឺជារឿងត្រឹមត្រូវណាស់ ប៉ុន្តែបុគ្គលិករបស់ អ្នករឹតតែជាមនុស្ស
ដែលអ្នកមិនត្រូវធ្វេសប្រហែស ក្នុងការផ្ដោត ការយកចិត្តទុកដាក់ទៅលើ
ព្រោះពួកគេជាគ្រួសារ របស់អ្នកដែលអាចជួយអ្នកឲ្យ សម្រេចបាននូវ ទស្សនវិស័យ
ជាអ្នកដែលមើលថែ អតិថិជនអ្នក និងនាំប្រយោជន៍ដល់អ្នក។ ការផ្ដល់តម្លៃដល់ ពួកគេ
និងធ្វើឲ្យគេមើលឃើញ នូវតម្លៃនោះ ដែលចេញពីថ្នាក់លើរបស់ខ្លួន ព្រមទាំងការផ្ដល់
ពេលវេលាគ្រប់គ្រាន់ សម្រាប់ជួបនិយាយ គ្នាពីបញ្ហា ព្យាយាមរកដំណោះស្រាយរួមគ្នា
ដើម្បីកែតម្រូវដំណើរការណ៍ឲ្យ មានភាពល្អប្រសើរជាងមុន នឹងក្លាយជា ផ្នែកមួយ
នៃកម្លាំងចិត្តពួកគេ ដែលជំរុញឲ្យមានគំនិតច្នៃប្រឌិត និងមានទំនួលខុសត្រូវ
លើភារកិច្ចរបស់ខ្លួន បានកាន់តែល្អប្រសើរ។
អ្នកអាចគិតថា
ការព្យាយាមគ្រប់គ្រងគ្រប់ផ្នែកនៃកិច្ចការរបស់បុគ្គលិកទាំងអស់ នឹងធ្វើឲ្យអ្នកសម្រេច
បាននូវលទ្ធផលប្រកបដោយការរំពឹងទុកខ្ពស់មួយរបស់អ្នក ប៉ុន្តែតាមរបៀបនេះ
អ្នកមិនអាចក្លាយជា អ្នកដឹកនាំដ៏ល្អម្នាក់នោះឡើយ។ ស្របពេលដែលអ្នកគ្រប់គ្រង
តែងចូលទៅជ្រៀតជ្រែក កិច្ចការរបស់ បុគ្គលិកគ្រប់រឿង និងតែងបណ្ដុះបាននូវបុគ្គលិក
ដែលចាំតែត្រូវបានថ្នាក់លើរបស់ខ្លួន ប្រាប់ថាត្រូវធ្វើបែបនេះ បែបនោះ
អ្នកដឹកនាំនឹងបំផុសកម្លាំងចិត្តបុគ្គលិកខ្លួន កត់សម្គាល់ពីចំណុចពិសេស
របស់ពួកគេម្នាក់ៗ និងបែងចែកការងារដល់ពួកគេ ទៅតាមចំណុចខ្លាំងរបស់ខ្លួន
និងមើលឃើញពីតម្លៃ នៃការបញ្ជាក់ យ៉ាងច្បាស់ពីទស្សនវិស័យ របស់ក្រុមហ៊ុនប្រាប់ទៅបុគ្គលិកគ្រប់រូប
យ៉ាងច្បាស់លាស់ ដើម្បីឲ្យពួកគេ មើលឃើញរូបភាពនោះរួមគ្នា
និងទាញយកសក្ដានុពលចេញឲ្យអស់ពីខ្លួន ជួយអ្នកសម្រេចនូវគោលដៅនោះ។
ការណ៍ប្រតិបត្តិយ៉ាងតឹងរ៉ឹងទៅតាមក្បួនច្បាប់ទម្លាប់ ភាពទៀងទាត់ ឬជាគោលនយោបាយរបស់ក្រុមហ៊ុន នឹងរាំងស្ទះទៅដល់សេរីភាពក្នុងការគិតរបស់បុគ្គលិក ជាហេតុនាំឲ្យគំនិតច្នៃប្រឌិត របស់ពួកគេត្រូវ លាក់ទុកកប់ចោល មិនត្រូវបានលើកទឹកចិត្តឲ្យយកមកប្រើប្រាស់ ដើម្បីចូលរួមកែប្រែចំណុចខ្វះខាត របស់ក្រុមហ៊ុនឲ្យមានការវិវិត្តទៅមុខនោះឡើយ។ ដូច្នេះ ក្នុងនាមអ្នកជាអ្នកដឹកនាំ អ្នកត្រូវលើកទឹកចិត្ត ឲ្យពួកគេបញ្ចេញនូវគំនិតច្នៃប្រឌិតរបស់ខ្លួន ដែលអ្នកអាចធ្វើបែបនេះបាន លុះត្រាណាតែ អ្នកធ្វើឲ្យ ពួកគេទទួល បាននូវអារម្មណ៍មានសុវត្ថិភាព និងអាចបើកចំហពីយោបល់របស់ខ្លួនទៅកាន់អ្នកបាន៕